សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិ៦ ខេត្តកំពង់ឆ្នាំង

ភ្នំពេញទាន់ហេតុការណ៍÷នាព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិ៦ ខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ត្រី តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ បានធ្វើរបាយការណ៍ឱ្យដឹងថា ចាប់ពីពេលបង្កើតរហូតមកដល់នេះ សាលានគរបាលជាតិភូមិ៦ ខេត្តកំពង់ឆ្នាំង បណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិមកពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្ដាល និងនាយកដ្ឋាន-អង្គភាពចំណុះក្រសួងមហាផ្ទៃ បានជាង ៦ពាន់នាក់ ក្នុងនោះសិស្សជ័យលាភីដែលទទួលវិញ្ញាបនបត្រនាឱកាសមានចំនួន ១៨៨នាក់ នារី៤៧នាក់។






ចំពោះសមិទ្ធផលសម្ពោធនាថ្ងៃនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ឱ្យដឹងថា រួមមាន ឡដុតសំរាមខ្នាតមធ្យម និងម៉ាស៊ីនចម្រុះទឹកស្អាត១គ្រឿង ឧបត្ថម្ភដោយរដ្ឋមន្រ្តីក្រសួងបរិស្ថាន, ផ្លូវកៅស៊ូ AC ប្រវែង ២១៥៣ ម៉ែត្រ និងប្រព័ន្ធលូប្រវែង ៦០០ម៉ែត្រ គំនូសចរាចរណ៍ ផ្លាកសញ្ញាប្រាប់ទិស ឧបត្ថម្ភដោយឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង, អគារស្នាក់នៅកម្ពស់ ២ជាន់ ១ខ្នង ទំហំ៤៥ម៉ែត្រ គុណនឹង ១៣ម៉ែត្រកន្លះ មានប្លង់សេ៣ន្លឹក ដំបូលប្រក់ក្បឿង ស្មើនឹង ៤បន្ទប់ ទូដាក់សម្ភារៈ៣២០ទូ គ្រែដេក១៦០គ្រែ និងសម្ភារៈគាំទ្រ សរុបជាទឹកប្រាក់ ៤០ម៉ឺនដុល្លារ ឧបត្ថម្ភដោយអភិបាលរាជធានីភ្នំពេញ។







លោកឧត្តមសេនីយ៍ត្រី តុង អាន បន្តថា បន្ថែមពីនេះមានអគារសាលសហសិក្សាកម្ពស់ ២ជាន់ ១ខ្នង ទំហុំ៤៥ម៉ែត្រ គុណនឹង ១៣ម៉ែត្រកន្លះ មានប្លង់សេ៣ន្លឹក ដំបូលប្រក់ក្បឿង ស្មើនឹង៣បន្ទប់ តុសិស្ស២០០ កៅអី៤០០ ព្រមទាំងសម្ភារៈគាំទ្រមួយចំនួន គិតជាទឹកប្រាក់ចំនួន ៤០ម៉ឺនដុល្លារ ឧត្ថម្ភដោយឯកឧត្តមអភិបាលខេត្តកណ្ដាល។ ជាមួយគ្នានេះ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ក៏បានកៀគរសប្បុរសជនជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធនានាគិតជាទឹកប្រាក់ជាង ១សែន ដុល្លារអាមេរិក ខណៈសាលានៅខ្វះថវិកាបង្គ្រប់ការចំណាងជាង ៥ ម៉ឺនដុល្លារ។









អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង សាស្ត្រាចារ្យ គ្រូនគរបាលជាតិ នៃសាលានគរបាលជាតិភូមិភាគ៦ និងបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះការងារដឹកនាំគ្រប់គ្រង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខ័ណ្ឌមន្ត្រី នគរបាលជាតិ ដើម្បីបម្រើដល់ការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រកបដោយប្រសិទ្ធភាព។









សម្ដេចបានសម្ដែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានចូលរៀនវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ដោយយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ហ្វឹកហាត់ និងគោរព វិន័យបានល្អ រហូតទទួលបានជោគជ័យស្របតាមកម្មវិធីសិក្សាដែលបានកំណត់។ សម្ដេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំង ឯកឧត្តមអភិបាលខេត្តកណ្តាល និងសប្បុរសជនទាំងអស់ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ ៦ នេះ។ 










សម្ដេចបានចាត់ទុកការរួមចំណែកកសាង និងអភិវឌ្ឍសមិទ្ធផលទាំងអស់នេះ ពិតជាបានជួយសម្រាលបន្ទុករបស់ក្រសួងមហាផ្ទៃ និងបានជំរុញឱ្យសាលានេះបានប្រែរីកមុខមាត់ថ្មី ដោយមានសោភ័ណភាពល្អ និងមានមូលដ្ឋានសម្ភារៈសមស្រប សម្រាប់បម្រើឱ្យការងារបណ្តុះ បណ្តាលមន្ត្រីនគរបាលជាតិ ទាំងបច្ចុប្បន្ន និងអនាគត។ សម្ដេចបន្តថា ការចូលរួមប្រកបដោយចិត្តសប្បុរសរបស់ឯកឧត្តម លោក លោកស្រី នាងកញ្ញាទាំងអស់ ពិតជាមានតម្ល និងអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រទេសជាតិ និងជាគំរូដ៏ល្អសម្រាប់ថ្នាក់ដឹកនាំ និងមនុស្សជំនាន់ក្រោយ។







សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍធនធានមនុស្ស ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ហើយទន្ទឹមនេះក្រសួងបាន ចំណាយថវិកាជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈផ្សេងៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ឱ្យឆ្លើយតបទៅនឹងតម្រូវការនៃការងារអភិវឌ្ឍធនធានមនុស្ស និងស្របតាមស្ដង់ដារ គុណភាពដែលបានកំណត់។




ពីវេទិកាអធិបតីនោះដែរ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ បន្តយកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រង និងពង្រឹងគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។ សម្ដេចក៏បានណែនាំ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន និង នាយកដ្ឋានបុគ្គលិក ត្រូវបន្តពិនិត្យ និងរៀបចំតាមនីតិវិធីដើម្បីចាត់បញ្ចូនមន្ត្រីនគរបាលដែលមិនទាន់ឆ្លងកាត់វគ្គសិក្សា ឱ្យមកសិក្សាក្នុងវគ្គបន្តបន្ទាប់ទៀត ឱ្យបានគ្រប់ៗគ្នាជាកំហិត។
ទន្ទឹមគ្នានេះ សម្ដេចក៏បានផ្ដល់អនុសាសន៍ណែនាំសិស្សនគរបាលជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញទទួលបានពីការបណ្តុះបណ្តាលនេះទៅបម្រើដល់អង្គភាពខ្លួន និងជួយប្រជាពលរដ្ឋនៅក្នុងសង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ លើការងារ គោរពអនុវត្តច្បាប់ មានក្រមសីលធម៌វិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ទាំងនៅក្នុងអង្គភាព និងសង្គម៕
Powered by Blogger.