ឯកឧត្តម ហេង សួរ ប្រធានផ្នែករាជធានី ខេត្តនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានលើកឡើងថា «គ្រូបង្រៀន» ប្រៀបដូចជា ឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេស សម្រាប់ជំរុញការរីក ចម្រើនលើគ្រប់វិស័យ និងជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេស
ភ្នំពេញទាន់ហេតុការណ៍÷កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ ប្រធានផ្នែករាជធានី-ខេត្តនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានជនបង្គោលយុវជនស្រុកបាធាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់កម្រិតសិក្សាក្នុងវិស័យសាធារណៈ និងឯកជន នៅទូទាំងស្រុកបាធាយ ចំនួន ១២០០នាក់ មានសាលាសរុប ៥៨កន្លែង ក្នុងនោះ សាលាបឋមសិក្សា ៤៦កន្លែង អនុវិទ្យាល័យ ៧កន្លែង វិទ្យាល័យ ៥កន្លែង ហើយមានអគារសិក្សាសរុបចំនួន ១៨២ខ្នង ស្មើនឹងចំនួន ៨១៤បន្ទប់ ក្នុងនោះអគារជាអំណោយ សម្តេចតេជោ ហ៊ុន សែន សរុបរួម៥៦ខ្នង ស្មើនឹង៣០៧បន្ទប់ ។
ឯកឧត្តម ហេង សួរ បានរំលឹកពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលបានស្តារ និងអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលគ្រាដ៏លំបាកតោកយ៉ាក គ្មានសាលារៀនគ្រប់គ្រាន់ សម្ភារសិក្សាក៏គ្មាន គ្រូបង្រៀនមានតិចតួចបំផុត ពេលនោះគឺជាដំណាក់កាល អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នក មិនចេះសោះ។
ឯកឧត្តមបន្តថា តាមរយ:ការ ប្រឹងប្រែងជំនះគ្រប់ឧបសគ្គ ដៃម្ខាងការពារប្រទេសពីការវិលត្រឡប់នូវរបបខ្មែរក្រហម និងដៃម្ខាងស្តារ និងអភិវឌ្ឍប្រទេសរបស់យើងជាង ៤០ឆ្នាំកន្លងមក ជាពិសេសក្រោយពេលដែលប្រទេសយើងបានទទួលសន្តិភាពពេញលេញ ក្រោយពី សម្តេចតេជោនាយករដ្ឋមន្រ្តី លះបង់គ្រប់បែបយ៉ាងយកអាយុជីវិតធ្វើដើមទុន រហូតសម្រេចបានជោគជ័យទាំងស្រុងនូវការអនុវត្ត នយោបាយ ឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស ហើយមានឱកាសកសាងបាននូវធនធានមនុស្សគ្រប់ប្រភេទ ក្នុងមជ្ឈដ្ឋានសិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសយើងមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនជាច្រើន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួមដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស។
ឯកឧត្តម បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងសូមលើកទឹកចិត្តឱ្យមានការបន្តការចូលរួមរបស់លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំនៅតាមគ្រឹះស្ថានអប់រំ ដែលសុទ្ធតែជាកាតាលីករ ដ៏សំខាន់ក្នុងការជួយឱ្យគ្រឹះស្ថានអប់រំ កសាងបាននូវកម្លាំងគ្រឹះដ៏រឹងមាំ មានសក្តានុពលក្នុងការជួយស្ថាបនា និងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។
ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានបន្តស្នើ ដល់លោកគ្រូ អ្នកគ្រូវិទ្យាល័យទាំង៥នៅក្នុងស្រុកបាធាយ ត្រូវបន្តពង្រឹងគុណភាព ដើម្បីឱ្យសិស្សមានសមត្ថភាព ទទួលបាន និទ្ទេសA ឱ្យមានអត្រាកាន់តែខ្ពស់ ដើម្បីត្រៀមចូលរួមប្រណាំងប្រជែងជាមួយវិទ្យាល័យផ្សេងទៀត នៅទូទាំងខេត្តកំពង់ចាម សម្រាប់ឆ្នាំសិក្សា ២០២៣នេះ។






Post a Comment