ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី

ភ្នំពេញ÷ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំប្រជុំ ស្ដីពីវឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែលស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ, ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣។


នាឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី គិតមកដល់ពេលនេះ មានរយៈពេលជាង ១ឆ្នាំហើយ តាមកិច្ចសន្យារវាងក្រសួងមហាផ្ទៃ ជាមួយក្រុមហ៊ុនសាងសង់ គឺប្រើរយៈពេលសាងសង់ជាង ២០ខែ ដោយបញ្ចប់ការងារនៅខែសីហា ឆ្នាំ២០២៣ ខាងមុខ។




ឯកឧត្តម បន្ដថា បើតាមសេចក្ដីរាយការណ៍សង្ខេបពីក្រុមហ៊ុននាពេលកន្លងទៅ គម្រោងសាងសង់ទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ គឺសាងសង់បានលឿនជាងតាមផែនការដែលបានគម្រោងទុក។



ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានលេីកឡេីងថា អគារទីស្ដីការក្រសួងថ្មីនេះ គឺសាងសង់បានត្រឹមត្រូវ និងតាមស្ដង់ដារសំណង់ ដោយបានសាងសង់យ៉ាងយកចិត្តទុកដាក់បំផុតផងដែរ។




ឯកឧត្តម បានចាត់ទុកថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ក៏មានផ្ទៃក្រឡាទំហំធំជាងគេ ក្នុងចំណោមអគាររបស់រដ្ឋ នៅកន្លែងដទៃទៀត។



ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាពការងារសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២២ ថា តាមការសន្និដ្ឋាន និងវាយតម្លៃជាលទ្ធផលសរុបជារួមសម្រេចបានលើស ៦៥% ធៀបនឹងកិច្ចសន្យា ដូចជា៖




គ្រឿងបង្គុំសំណង់៖ ផ្ទៃក្រឡាចាក់បេតុងកម្រាលខណ្ឌរួច ចំនួន១០៥ ៥៤៥ ម៉ែត្រការ៉េ ស្មើនឹង ១០០% នៃផ្ទៃក្រឡាសរុប និងគ្រឿងបង្គុំផ្នែកដំបូលសម្រេចបាន ៦០%, ការងារសំអាតចុងក្រោយ ៖ ក្រុមហ៊ុនអនុវត្តការងាររៀបជញ្ជាំងខាងក្នុង ខាងក្រៅអគារ ក្រាលការ៉ូបាត បៀក និងលាបថ្នាំ សម្រេចលទ្ធផលជារួមស្មើនឹង ៤៥%, ការងាររៀបចំប្រព័ន្ធ និងបណ្ដាញ ៖ ក្រុមហ៊ុន កំពុងអនុវត្តការងាររៀបចំបណ្ដាញទឹក ប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិសនី ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធសុវត្ថិភាព សម្រេចលទ្ធផលជារួមស្មើនឹង ៤៥%, ការងារដេគ័រផ្នែកខាងក្នុង ៖ ក្រុមហ៊ុនបានអនុវត្តការងារដេគ័រសាលប្រជុំនៅផ្ទាល់ដី សម្រេចលទ្ធផលបាន ៥៥%។



ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដថា ក្រុមហ៊ុនសាងសង់អនុវត្តការងារតាមកិច្ចសន្យា និងប្រតិទិនការងារ ដែលធៀបមកល់បច្ចុប្បន្ននេះ មានរយៈពេល ១៣ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សម្រេចលទ្ធផលបានមុន ផែនការកំណត់ចំនួន ២សប្ដាហ៍។




លើសពីនេះ ឯកឧត្តម ក៏បានស្នើល់ក្រុមហ៊ុនសាងសង់ ឱ្យពន្លឿនបញ្ចប់ការងារតាមជាន់នីមួយៗឱ្យបានសម្រេច ១០០% គឺចាប់ពីជាន់ចំណតរថយន្ដ រហូតដល់ជាន់ទី៥ ឱ្យបានមុនបំណាច់ខែមីនា ឆ្នាំ២០២៣។



ក្រោមបញ្ចប់កិច្ចពិភាក្សា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់ បានមានប្រសាសន៍ផ្ដាំផ្ញើដល់អនុគណៈកម្មការ និងសមាជិកគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ ឱ្យយកចិត្តទុកដាក់ឱបានខ្ពស់ ដោយត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារសាងសង់ និងត្រូវធ្វើការចុះពិនិត្យដោយផ្ទាល់ ចំពោះកិច្ចការងារដែលនៅសេសសល់ ដើម្បីឱ្យអគារនេះរៀបចំទៅដោយមានសោភណ្ឌភាពស្រស់ស្អាត ជាពិសេសធ្វើយ៉ាងណាឱ្យសំណង មានភាពរឹងមាំផងដែរ។




បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានណែនាំដល់ក្រុមហ៊ុនសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនៅពេលដំណើរការសាងសង់ ហើយក្រុមហ៊ុនសាងសង់ ក៏ត្រូវពន្លឿនកិច្ចការងាររបស់ខ្លួន ដើម្បីបញ្ចប់ការសាងសង់ឱ្យបានរួចរាល់តាមការគ្រោងទុក។




សូមរំលឹកដែរថា អគារទីស្ដីការរបស់ក្រសួងមហាផ្ទៃថ្មី ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ហើយគម្រោងបញ្ចប់ការងារសាងសង់ នៅខែសីហា ឆ្នាំ២០២៣ ខាងមុខ ដែលទទួលសិទ្ធិម៉ៅការសាងសង់ដោយក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន។





​ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអគារនេះ បែរទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។ អគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។

លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី៕ 

Powered by Blogger.