លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតចេញបញ្ជាឱកាសចូលឆ្នាំថ្មី ចិន វៀតណាម ពេលខាងមុខនេះមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទជាដាច់ខាត!!!
ខេត្តបន្ទាយមានជ័យ៖ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជារបស់លោកវីរៈឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់អធិការរងគ្រប់ផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥សង្កាត់ត្រូវជូនដំណឹងដល់បងប្អូនប្រជា ពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែតទាំងអស់ឲ្យបានជ្រាប ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាម នៅពេលខាងមុខនេះមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទ ជាដាច់ខាត ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ការដាក់បទ បញ្ជាយ៉ាងតឹងរឹងនេះដើម្បីធានាក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រពៃណី ចិននឹង វៀតណាមដែលប្រព្រឹត្ត ទៅ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានណែនាំដល់នគរបាលគ្រប់ផ្នែកជំនាញ ចុះបង្ក្រាប និងហាមដាច់ខាតការនាំចូលរំសេវ,ផាវ កាំជ្រួច គ្រប់ប្រភេទ ហើយនគរបាលជំនាញ ត្រូវចុះធ្វើការណែនាំដល់ អាជីវករ តាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួន អំពីផលប៉ះពាល់នៃរំសេវ និងកាំជ្រួចដែលជាអាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បានយ៉ាងងាយ។
ដូច្នេះមន្ត្រីនគរបាលជំនាញត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យលេងផាវ ក្នុងឱកាសចូលឆ្នាំ ចិននឹងវៀតណាម នៅតាមទីសាធារណៈ ដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់និងមាន ការរំខានដល់អ្នកដទៃពិសេសដល់ឪពុកម្ដាយឬអាណា ព្យាបាលដែលមានកូនតូចងាយរងគ្រោះផងដែរ៕

















Post a Comment