រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធអបអរនិងក្បួនដង្ហែជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ដោយ : បន្ទាយមានជ័យ :

ភ្នំពេញទាន់ហេតុការណ៍÷រដ្ឋបាលខេត្តបន្ទាយមានជ័យព្រមទាំងអង្គភាព,អ្នកពាក់ព័ន្ធប្រមាណ៤ពាន់នាក់កាលពីព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥ បានប្រារព្ធការអបអរការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ នៅមុខអគារធំនៃសាលាខេត្តនិងរៀបក្បួនដង្ហែតាមតម្រាយផ្លូវ ចំកណ្តាលក្រុងសិរីសោភ័ណ។


លោក នៅ ចំរើន ប្រធានមន្ទីរមុខងារសាធារណៈខេត្តបន្ទាយមានជ័យអោយដឹងថា: ការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ

និងវិស័យសុខាភិបាលខេត្តបន្ទាយមានជ័យ មានចំនួន៦ជាប់ជាជ័យលាភីក្នុងឆ្នាំ២០២៤ ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាស្ថាបនិកសន្តិភាព បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងនោះមាន ការកែលម្អការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍន៍ធនធានមនុស្ស និងកំណែទម្រង់បៀវត្ស។

ក្នុងឆ្នាំ២០១៨ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកគតិបណ្ឌិត ពេជ្រ ប៊ុនធិន អតីតរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ,លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តន៍ការប្រឡងប្រជែងសេវាសាធារណៈគំរូជាវិស័យអាទិភាព០២គឺ វិស័យអប់រំ និងវិស័យសុខាភិបាល។

លោកនៅ ចំរើន ថ្លែងបន្តថា: កន្លងមកការជ្រើសរើស និងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ លើកទី១ នៅឆ្នាំ២០១៨ ។សម្រាប់ខេត្តបន្ទាយមានជ័យទទួលបានជ័យលាភីលើវិស័យសុខាភិបាលបានទៅលើមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី (CPA3) ជាប់ចំណាត់ថ្នាក់លេខ២ ។

ក្រោយវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទើបលោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានរៀបចំដាក់ឲ្យដំណើរការឡើងវិញនូវការប្រកួតប្រជែងនេះ ពីឆ្នាំ២០២៣ មក។

ឆ្នាំ២០២៣ ខេត្តបន្ទាយមានជ័យមានអង្គភាពមណ្ឌលសុខភាពបុស្បូវ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១០ ក្នុងចំណោម មណ្ឌលសុខភាពជាង៣ពាន់នៅទូទាំងប្រទេស។

យោងអនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៨ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងប្រកាស២ផ្សេងគ្នារបស់អន្តរក្រសួង ឆ្នាំ២០២៤ រវាងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាលការ គណ:កម្មការវាយតម្លៃនិងការទទួលស្គាល់អង្គភាពទាំងនេះ ត្រូវបានអនុវត្តផ្អែកលើសូចនាករលម្អិតដែលមានកំណត់នៅក្នុងលក្ខណៈវិនិច្ឆ័យរងនៃលក្ខណៈវិនិច្ឆ័យ គោលសំខាន់ៗចំនួន៨ ។

ជាលទ្ធផលអង្គភាពវិស័យអប់រំដែលបានស្នើឡើងដោយគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មកគណៈកម្មការវាយតម្លៃ

ថ្នាក់ជាតិ ។

ក្រោយពីការវាយតម្លៃយ៉ាងល្អិតល្អន់ សង្គតិភាពទៅតាមនីតិវិធីដែលបានកំណត់និងក្រោយពីការធ្វើបទបង្ហាញនៅថ្នាក់ជាតិ ខេត្តបន្ទាយមានជ័យ មានអង្គភាពផ្តល់សេវាសាធារណៈគំរូចំនួន០៦ ។

ក្នុងនោះវិស័យអប់រំមាន០២ អង្គភាពរួមមាន : ១-សាលាមត្តេយ្យសិក្សាធនធានកកោះ ជាប់ចំណាត់ថ្នាក់លេខ៤ ។២- សាលាមតេយ្យសិក្សាធនធានគយម៉ែង ជាប់ចំណាត់ថ្នាក់លេខ៨ ។

ដោយឡែក អង្គភាពទទួលពានរង្វាន់សាលារៀនគំរូ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្នាំ២០២៣-២០២៤ រួមមាន : ៣- វិទ្យាល័យហ៊ុន សែន ខ្លាកូន ។៤-វិទ្យាល័យសិរីសោភ័ណ ។ ៥-វិទ្យាល័យភ្នំធំ ។៦-សាលាបឋមសិក្សាសាមគ្គីមានជ័យ ។ ៧-សាលាបឋមសិក្សាស្រះរាំង ។៨-សាលាបឋមសិក្សាស្រះជីក ។

ចំណែកឯ វិស័យសុខាភិបាលមាន០៤ អង្គភាព គឺ១-មន្ទីរពេទ្យបង្អែកសិរីសោភ័ណ (CPA1) ជាប់ចំណាត់ថ្នាក់លេខ២ ។២-មន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ(CPA2)ជាប់ចំណាត់ថ្នាក់លេខ៣ ។៣-មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី (CPA3)ជាប់ចំណាត់ថ្នាក់លេខ៦ និង៤-មន្ទីរពេទ្យ

បង្អែកម៉ាឡៃសន្តិភាព (CPA1) ជាប់ចំណាត់ថ្នាក់លេខ ៧។

នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: នេះគឺជាសក្ខីកម្មនៃសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនដែលមិនអាចប្រកែកបានក្រោមការដឹកនាំតនិងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តនិងការប្តេជ្ញាចិត្តខ្ពស់របស់លោក លោកស្រី នាយក នាយិកា ប្រធាន បុគ្គលិកនិងការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍ មន្ទីរ ជំនាញ និងរដ្ឋបាលក្រុង/ស្រុក ឃុំ សង្កាត់ទើបអាចទទួលបានលទ្ធផលតាមលក្ខណៈវិនិច្ឆ័យគោលទាំង៨ នៅពេលនេះ។

លោកអ៊ុំ រាត្រី ថ្លែងបន្តថា: ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងបានប្រែក្លាយឱ្យអង្គភាពផ្ដល់សេវាសាធារណៈទាំងអស់ ទៅជាអង្គភាពផ្តល់សេវាសាធារណៈដោយគុណភាព សាកសិទ្ធភាព សង្គតិភាព ក្នុងការផ្តល់សេវាឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ៕ 





















Powered by Blogger.