យុវតីវ័យ១៧ម្នាក់ខឹងលោកយាយស្ដីបន្ទោសសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន

ភ្នំពេញទាន់ហេតុការណ៍៖យុវតីម្នាក់ខឹងលោកយាយស្ដីបន្ទោសតូចចិត្ត ក៏សម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយទិញថ្នាំងងុយដេក២បន្ទះមកលេបបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះស្ថិតនៅក្នុងបុរីពិភពថ្មី២ ផ្លូវលេខ៣ ផ្ទះលេខ២៤៦ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ។


យុវតីខាងលើមានឈ្មោះ ស្រ៊ុន យ៉ាហ្សេនីន អាយុ១៧ឆ្នាំ ជាសិស្សរៀននៅសាលាប៊ែលធី សាខាព្រែកកំពឹស ស្នាក់នៅជាមួយជីដូនក្នុងផ្ទះកើតហេតុខាងលើ។


នាងជាក្មេងកំព្រាម្ដាយមានតែឪពុករស់នៅផ្សេង ហើយនាងបានរស់នៅជាមួយជីដូនតាំងពីនាងតូចមកម្ល៉េះ និងមួយរយៈពេលចុងក្រោយនេះឪពុកបានជួយផ្ដល់ប្រាក់សម្រាប់ការរៀនសូត្រផងដែរ។



នៅមុនពេលកើតហេតុជីដូនបានស្ដីបន្ទោសឲ្យបន្តិចបន្តួច ជាហេតុធ្វើឲ្យយុវតីរូបនោះតូចចិត្ត ហើយបានឡើងទៅដេកនៅក្នុងបន្ទប់ឡៅតឿ បន្ទាប់មកបានលេបថ្នាំងងុយដេកអស់២បន្ទះបណ្ដាលឲ្យស្លាប់។



បើតាមការរៀបរាប់ពីជីដូនរបស់នាងថាក្រោយពីចៅដេកយូរពេក គាត់បានឡើងទៅគោះទ្វារហៅតែអត់ឮឆ្លើយ លុះពេលបើកទ្វារមើលស្រាប់តែឃើញចៅស្រីស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យកោសល្យវិច័យ រួចនាំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រែកថ្លឹង ៕

Powered by Blogger.