សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី

នារសៀលថ្ងៃសុក្រទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ជាច្រើនរូប។


 លោកឧកញ្ញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុន គីមម៉ិចខនស្រ្តាក់ស៊ិន និងអ៊ិនវេសមេន ដែលជាក្រុមហ៊ុនម៉ៅការសាងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី បានធ្វើសេចក្តីរាយការណ៍ស្តីពីវឌ្ឍនភាពគោរពជូនសម្តេចក្រឡាហោម និងអង្គពិធីជ្រាបថា អគារទីស្តីការក្រសួងមហាផ្ទៃថ្មីដែលកំពុងសាងសង់នេះ មានកម្ពស់៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥,៥៤៥ (មួយរយប្រាំពាន់ប្រាំរយសែសិបប្រាំ) ម៉ែត្រការ៉េ ដែលចាប់ផ្តើមការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងគ្រោងបញ្ចប់នៅខែកក្តដា ឆ្នាំ២០២៣ ខាងមុខដែលមានរយៈពេល២០ខែ។




លោកអគ្គនាយកក្រុមហ៊ុន បន្តថា គិតមកដល់ថ្ងៃនេះក្រុមហ៊ុនសាងសង់សម្រេចបាន ៦៥%​ជាមួយគ្នានេះដែរ លោកអគ្គនាយកក្រុមហ៊ុន បានបន្ថែមថា ការសាងសងអគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ គឺក្រុមហ៊ុនបានអនុវត្តស្តង់ដារសុវត្ថិភាពសាងសង់ ដោយមានក្រុមការងារត្រួតពិនិត្យសុវត្ថិភាពជាប្រចាំ និងតាមដានរាល់សកម្មភាពការងាររបស់បុគ្គលិក កម្មករ ចាប់តាំងពីការសាងសង់ដំបូងរហូតមកដល់ពេលនេះ ពុំមានបុគ្គលិក ឬកម្មករណាម្នាក់ជួបគ្រោះថ្នាក់អ្វីនោះទេ។




ក្នុងនោះ លោក បានបញ្ជាក់ជូនសម្តេចក្រឡាហោម ដែរថា បុគ្គលិក និងកម្មករ ដែលជាកម្លាំងសរុបរបស់ក្រុមហ៊ុនប្រើប្រាស់ក្នុងការសាងសង់នេះមានចំនួនប្រមាណ ២,០០០នាក់។ ជាមួយគ្នានេះដែរ លោកអគ្គនាយកក្រុមហ៊ុន បានធ្វើការប្តេជ្ញាចិត្ត ធ្វើឱ្យបាននូវគុណភាពជាចំបងចំនួន៣ចំណុច ដែលជាអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ដែលបានណែនាំនាពេលកន្លងមក រួមមាន៖ ទី១.គុណភាព, ទី២.សុវត្ថិភាព និងទី៣.ពេលវេលា ដែលសម្រាប់ធ្វើជាសមិទ្ធិផល​ និងស្នាដៃជាប្រវត្តិសាស្ត្ររបស់សម្តេចក្រឡាហោម ជូនប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។




នាឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ 

បានថ្លែងការកោតសរសើរចំពោះក្រុមហ៊ុនសាងសង់ និងកម្មករ-កម្មការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែង​ ដែលរហូតមកដល់ពេលនេះបានសាងសង់លឿនជាងផែនការដែលបានគ្រោងទុក។ ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថា សម្តេចសង្កេតឃើញថា គុណភាព នៃអគារថ្មីនេះ គឺសាងសង់បានត្រឹមត្រូវតាមស្ដង់ដារសំណង់​ ដោយបានសាងសង់យ៉ាងយកចិត្តទុកដាក់បំផុត។





ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២២នេះ ជាពិសេស គឺការងារប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ រហូតដល់ទទួលបានជោគជ័យ ដែលធ្វើឱ្យប្រទេសកម្ពុជា ត្រូវបានអន្ដរជាតិកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ អនុវត្តទៅតាមសំណើរ សំណូមពរ ឬគោលការណ៍នានា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកូវីដ-១៩។





សម្ដេចក្រឡាហោម បន្ដថា ទោះបីរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការគ្រប់បែបយ៉ាងក៏ដោយ ប៉ុន្ដែបើប្រជាពលរដ្ឋមិនយកចិត្តទុកដាក់ ឬមិនបានគាំទ្រទេនោះ ការគ្រប់គ្រងជំងឺកូវីដ-១៩ ក៏មិនទទួលបានជោគជ័យដូចពេលនេះដែរ។





ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងពីការជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលកន្លងទៅនេះ។ សម្ដេចក្រឡាហោម បន្ដថា ទាំងនេះបានបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជា មានសុខសន្ដិភាព មានស្ថិរភាព ដោយការពារបានសន្ដិសុខយ៉ាងល្អប្រសើរ។





លើសពីនេះ សម្ដេចក្រឡាហោម ក៏បានរំលឹកថា នៅក្នុងឆ្នាំ២០២២នេះដែរ កម្ពុជា បានរៀបចំដំណើរការបោះឆ្នោតជម្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលកន្លងទៅ ក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ដើម្បីជ្រើសរើសអ្នកដឹកនាំក្នុងមូលដ្ឋាន ដែលខ្លួនពេញចិត្ត។ សម្ដេច បន្ថែមថា នៅឆ្នាំ២០២២នេះ កម្ពុជា ក៏នៅមានកិច្ចការងារជាច្រើនទៀត ដែលកម្ពុជាបានធ្វើជាបន្ដបន្ទាប់ រហូតដល់ទទួលបានជោគជ័យយ៉ាងសន្ធឹកសន្ធាប់ផងដែរ។ 





សម្ដេច ក្រឡាហោម បានឱ្យដឹងទៀតថា ទោះបីយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ប្រទេសកម្ពុជា ក៏មានកិច្ចការងារជាច្រើន ដូចជា ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ជាដើម ដែលកម្ពុជាត្រូវរៀបចំ និងគិតគូរឱ្យបានម៉ត់ចត់។ជាថ្មីម្តងទៀតក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៣ ខាងមុខនេះ សម្ដេចក្រឡាហោម សូមជូនពរដល់ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ-កម្មការិនី ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ សូមមានសិរីសួស្តី ជោគជ័យ សុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីខាងមុខនេះ។





បន្ទាប់ពីសំណេះសំណាលរួច សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ចំនួន១៥០០នាក់ ជាសម្ភារ គ្រឿងបរិភោគ ឧបភោគ និងថវិកាមួយចំនួន ដោយក្នុងម្នាក់ៗទទួលបាន មី ៥កញ្ចប់, ត្រី ខ ៥កំប៉ុង, ទឹកសុទ្ធ ១កេស, ទឹកក្រូច ៥កំប៉ុង, សារ៉ុន ចំនួន០១, និងថវិកា ១០ម៉ឺនរៀលផងដែរ៕

Powered by Blogger.