កម្ពុជាបានបញ្ជូនកងយោធាមួកខៀវកម្ពុជាចំនួនពីរកងដើម្បីទៅចូលរួម

កម្ពុជាបានបញ្ជូនកងយោធាមួកខៀវកម្ពុជាចំនួនពីរកងរួមមានកងអនុសេនាធំវិស្វកម្មថែទាំព្រលាន

យន្តហោះដែលមានកម្លាំងចំនួន១២៩នាក់(នារី១៦នាក់) និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះEOD មានចំនួនសរុប១៤៤នាក់(នារី១៨នាក់) សម្រាប់ប្តូរវេនកងកម្លាំងដែលសម្រេចបានជោគជ័យរយៈកាលមួយឆ្នាំកន្លងទៅនៅតំបន់ប្រតិបត្តិការក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី នារាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ។



 សូមបញ្ជាក់ថាៈកងកម្លាំងEODដែលចេញដំណើរទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលីនាពេលនេះបានជាកម្លាំងនាំមុខចំនួន៤៤នាក់និងនៅចុងខែធ្នូ ឆ្នាំនេះដែរ នឹងបញ្ជូនបន្ថែម

ចំនួន១០០នាក់ទៀត ដើម្បីទៅចូលបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ ដែលបានបញ្ចប់រយៈ១ឆ្នាំ។ 



ក្នុងឱកាសសំណេះសំណាលមុនពេលយុទ្ធដំណើរកងប្តូរវេនទាំងពីរខាងលើនេះទៅកាន់តំបន់បេសកកម្មឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានមានប្រសាសន៍លើកឡើងថាៈ កម្ពុជាបានរួមចំណែកបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយដល់បណ្តាប្រទេសដែល កំពុងប្រឈម និងរងគ្រោះដោយសារមីននិងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងចូលរួមធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការថែទាំព្រលានយន្តហោះ។ 




ប្រមុខកងយោធាមួកខៀវកម្ពុជាបានថ្លែងបន្តថាៈប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេសដែលរងការហែកហួរដោយសារជម្លោះប្រដាប់អាវុធភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនីតិសម្បទារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ សំដៅកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។ 




ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនអ្នកដោះមីនរបស់ខ្លួនទៅសម្រាលទុក្ខលំបាករបស់ប្រជាជនលើសកលលោក។




សូមបញ្ជាក់បន្ថែមផងដែរថាៈចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២ កម្ពុជាបានសម្រេចបញ្ជូនកងកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពសរុបចំនួន ៨.៤៧៥នាក់ នៅក្នុងប្រទេសចំនួន៩ រួមមានៈ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។  







បច្ចុប្បន្ន កងកម្លាំងយោធាមួកខៀវកម្ពុជា ចំនួន ៨០១ នាក់បាននិងកំពុងបំពេញ កាតព្វកិច្ចរក្សាសន្តិភាព នៅ ប្រទេស ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ អាហ្វ្រិកកណ្តាល។








នេះបើតាមប្រសាសន៍លើកឡើងក្នុងបទសម្ភាសន៍របស់ប្រមុខកងយោធាមួកខៀវកម្ពុជាជាមួយបណ្តាញឃោសនាជាតិនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងឱកាសជូនដំណើរកងយោធាមួកខៀវកម្ពុជាទៅកាន់តំបន់បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី។

Powered by Blogger.