សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព ចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៣០០គ្រួសារនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព ចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣០០គ្រួសារ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នៅបរិវេណវត្តអណ្តូងថ្មមាស ក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ជិន ប៊ុនធឿន លេខាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ជាប្រធាន សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព។ 


លោក វ៉ែន វ៉ាន់នី ប្រធានសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ បានរាយការណ៍ថា៖ គ្រឿងឧបភោគបរិភោគចែកដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជួបការលំបាកចំនួន៣០០គ្រួសារ គឺជាការចូលរួមពីព្រះសង្ឃ និងសមាជិក សមាជិកាដែលជាក្រុមការងារ សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព ក្រុងប៉ោយប៉ែត និងមានការចូលសហការជាមួយមួយក្រុមការងារស្រុក.ក្រុង នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជួយសម្រួលជីវភាពដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងជួបការលំបាក។ សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព នឹងបន្តការងារមនុស្សធម៌ជាបន្តបន្ទាប់ជាមួយអាជ្ញាធរសមត្ថកិច្ច ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។


លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានកោតសរសើរដល់ក្រុមសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព ដែលតែងតែចូលរួមជាមួយអាជ្ញាធរ ក្នុងការងារសង្គម និងការងារមនុស្សធម៌ ចូលរួមចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជួបការលំបាក ក៏ដូចជាបានជួយសម្រាលបន្ទុករបស់អាជ្ញាធរ ជួយប្រជាពលរដ្ឋផងដែរ។


លោកអភិបាលរងក្រុងប៉ោយប៉ែត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ និងមានកូនគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតដើម្បី មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិថ្មី នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា។



ឯកឧត្តម ជិន ប៊ុនធឿន លេខាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ជាប្រធាន សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព បានមានប្រសាសន៍ថា៖ សមាជិក សមាជិកាទាំងអស់ ត្រូវធ្វើអំពើល្អ ភាពស្មោះត្រង់ មេត្តា យោគយល់ ស្និតស្នាលនៅគៀកជាប់ជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈ ស្រលាញ់ការពារសុខសន្តិភាព ការអភិវឌ្ឍន៍ និងគោរពគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យសមាគមទទួលការស្រលាញ់ពេញចិត្តនិងចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាជន។ 




ឯកឧត្តមប្រធាន ក៏បានបន្តថា សូមថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់បន្តអនុវត្តម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ និងផែនការយុទ្ធសាស្ត្ររបស់សមាគម ដែលបានដាក់ចុះ។ ពង្រឹងសាមគ្គីផ្ទៃក្នុងរឹងមាំ បង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដី រដ្ឋបាល ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត និងស្ថាប័នពាក់ព័ន្ធដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ លើកស្ទួយសង្គមជាតិ ជាពិសេសបំផុតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាអាណត្តិថ្មីខាងមុខនេះ និងគាំទ្របេក្ខភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕ 

Powered by Blogger.